Thursday, November 5, 2015

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់ ដែល​រស់នៅ​ខុសច្បាប់


ភ្នំពេញ ៖ កម្លាំង​ប្រតិបត្តិការ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី រួមសហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ៨​នាក់ ស្រី​៣​នាក់ ក្នុងនោះ​ជនជាតិ​វៀតណាម​ទាំងអស់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅ ផ្ទះ​១៤ ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រកឃើញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ៨​នាក់ ដែល​បាន​លួច​ស្នាក់នៅ និង​ធ្វើ​ការខុសច្បាប់ គ្មាន​លិខិត​ឆ្លងដែន ។​
​បច្ចុប្បន្ន​អ្នក​ទាំង ៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង និង​អនុវត្តន៍​តាម​ច្បាប់​អន្តោប្រវេសន៍ ៕​