Friday, November 27, 2015

ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ក្នុងរយៈពេល​៣​ថ្ងៃ

ភ្នំពេញ ៖ ក្រោម​កិច្ច​ខិតខំ​ដឹកនាំ​របស់​គណៈ​បញ្ជាការ​ការពារ​សន្តិសុខ​បុណ្យជាតិ កម្លាំង​សមត្ថកិច្ច ដែល​មាន​ការពាក់ព័ន្ធ​បានធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ធ្វើឲ្យ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​ជាទូទៅ មាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​កម្សាន្ត​សប្បាយ​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​យ៉ាង​អធឹកអធម្ម នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១​មាន​ប្រជាពលរដ្ឋ ៥​ម៉ឺន​នាក់​, ថ្ងៃទី​២​មាន​ប្រជាពលរដ្ឋ ១៣​ម៉ឺន​នាក់
និង​ថ្ងៃ​ទី​៣​ត្រូវ​ជា​ថ្ងៃ​បញ្ចប់ មាន​ប្រជាពលរដ្ឋ ១៥​ម៉ឺន​នាក់​។ ដោយឡែក​នៅ​តាម​បណ្តា​ទី​រួម​ខេត្ត​នានា​ដូចជា ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ ១៥​ម៉ឺន​នាក់​, ខេត្ត​កំពង់ស្ពឺ មាន​ប្រជាពលរដ្ឋ ៥​ម៉ឺន​នាក់​, ខេត្ត​ព្រះសីហនុ កែប កំពត មួយ​កន្លែង​មាន​ប្រជាពលរដ្ឋ​ប្រហែល ១​ម៉ឺន​នាក់ និង​នៅ​តាម​រមណីយដ្ឋាន​នានា មាន​ពី​ប្រជាពលរដ្ឋ​ពី ៥០០​ទៅ​១០០០​នាក់ ដោយ​ក្តី​សប្បាយរីករាយ គ្មាន​ក្តីបារម្ភ​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​ឡើយ​។​
​ចំពោះ​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ជារួម កើតឡើង​២៤ លើ​៣៤​លើក ថយចុះ​១០​លើក ស្មើនឹង​២៩​ភាគរយ ក្នុងនោះ​៖ បទឧក្រិដ្ឋ កើតឡើង​៩ លើ​៧​លើក កើន​២​លើក ស្មើនឹង​២៩​ភាគរយ (​ប្លន់​៤ លើ​២​លើក ឃាតកម្ម​៤ លើ​២​លើក និង​រំលោភ​១​លើ ៣​លើក​), បទ​មជ្ឈឹម កើតឡើង​១៥ លើ​២៧​លើក ថយ​១២​លើក ស្មើនឹង​៤៤​ភាគរយ (​លួច​១០ លើ​១៦​លើក ហិង្សា​ចេតនា ៤​លើ​៩​លើក ហិង្សា​គ្រួសារ​១ លើ​០​លើក និង​ឆបោក​០ លើ​១​លើក​) បណ្តា​ករណី​ទាំងនេះ បណ្តាលឲ្យម​នស្ស​ស្លាប់ ៤​នាក់ រងរបួស ១៤​នាក់ និង​បាត់បង់​ទ្រព្យសម្បត្តិ​សម្ភារ​មួយចំនួន​។ ចំពោះ​ការបង្ក្រាប​ជា​លទ្ធផល​បង្ក្រាប​ជា​រួម​បាន ១៥​ករណី ស្មើនឹង​៦២​ភាគរយ ឃាត់ខ្លួន​មនុស្ស ១៨​នាក់ និង​បង្ក្រាប​គ្រឿងញៀន​បាន ៦​ករណី ឃាត់ខ្លួន​មនុស្ស ២៥​នាក់​។​
​រីឯ​គ្រោះថ្នាក់​សង្គម​ជារួម កើតឡើង ៧៤ លើ​៩៧​លើក ថយ​២៤​ភាគរយ ក្នុងនោះ​៖ គ្រោះថ្នាក់​ចរាចរណ៍ ៥៥​លើ ៧២​លើក ថយ​១៧​លើក ស្មើនឹង​២៣​ភាគរយ ស្លាប់ ២៥ លើ​៣៤​នាក់ ថយ​៩​នាក់ ស្មើនឹង​២៦​ភាគរយ រងរបួស ៧៧ លើ​១៣២​នាក់ ថយ​៥៥​លើក ស្មើនឹង​៥៨​ភាគរយ​។ ក្នុង​ឆ្នាំនេះ ការធ្វើ​ចរាចរណ៍​មាន​ភាពរលូន​ល្អ មិន​មាន​ភាព​កកស្ទះ គ្មាន​ការដឹក​សំពីងសំពោង និង​ដឹក​មនុស្ស​លើ​ដំបូល​។ នេះ​ដោយសារ​តែ​អ្នកបើកបរ​កាន់តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​អ្នកបើកបរ​ទោចក្រយានយន្ត​នៅតែ​ជា​អ្នកបង្ក​គ្រោះ​ថ្នាក់​មាន​កម្រិត​ខ្ពស់​ជាង​យានយន្ត (៣០​លើ ៥៥​លើក ស្មើនឹង​៥៥​ភាគរយ​) គ្រោះថ្នាក់​ដោយសារ​ល្បឿន​មាន​កម្រិត​ខ្ពស់​ជាងគេ (២៨​លើ​៥៥​លើក ស្មើនឹង​៥១​ភាគរយ ៕