ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ព្រៀងគោលការណ៍ ដាក់ឆ្លងទៅក្រុមប្រឹក្សា ដើម្បីចេញដីកា ក្នុងការគ្រប់គ្រង់ចិញ្ចើមផ្លូវ ដែលត្រូវបានរំលោភដោយម្ចាស់លំនៅឋានមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ ស្តីពីការចែករំលែកចំណេះដឹងផ្អែកលើទ្រឹស្តី និងបទពិសោធន៍ការងារជាក់ស្តែង របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនកម្មសិក្សាការី សិស្សមន្ត្រី និងសិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី១១ វិច្ឆិកានេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការរំលោភយកចិញ្ចើមផ្លូវក្លាយជាទម្លាប់មិនល្អ ការកែរប្រែទម្លាប់ជារឿងមួយ ដែលពិបាកជាងការគោរពច្បាប់ ឯកឧត្តមបានបន្តថា ការចេញដីកានេះ គឺដើម្បីគ្រប់គ្រងចិញ្ចើមថ្នល់ ទាក់ទងដល់ការបង់ថ្លៃ ចំពោះអ្នកប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ មិនថាស្ថាប័នឯកជនទេ ទោះបីជាស្ថាប័នរដ្ឋក៏ត្រូវតែបង់ថ្លៃដែរ ។
គួរបញ្ជាក់ថា មហាវិថីធំៗចំនួន៥ និងត្រូវអនុវត្តមុនគេ ចំពោះការរំលោភចិញ្ចើមផ្លូវ ដែលក្នុងនោះក៏មានការរៀបចំជាថ្មី ចំពោះខ្សែលើអាកាសដែលមានលក្ខណៈរញ៉េរញ៉ៃ ដូចជាការកាត់ខ្សែទូរស័ព្ទ ខ្សែកាបអុបទិកចេញពីបង្គោលភ្លើង ដែលនៅតាមចិញ្ចើមផ្លូវ ដើម្បីទម្លាក់កប់ចូលក្នុងដី ដើម្បីសោភ័ណភាពទីក្រុងផងដែរ ទោះបីជាយ៉ាងណា ឯកឧត្តម អភិបាល មិនបានបញ្ជាក់នៅឡើយទេ ថាតើមហាវិថីទាំង៥ ដែលត្រូវអនុវត្តន៍នោះ ជាវិថីណាខ្លះ?