កណ្តាល ៖ ចោរមួយក្រុមមានគ្នា ៣ទៅ៤នាក់ ប្រើប្រាស់អាវុធAK បានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នកលក់សម្លៀកបំពាក់ នៅផ្សារព្រែកតាឃ្លោក ស្ថិតភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង កាលពីវេលាម៉ោង ២១:១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងអំពើប្លន់នោះដែរ ក្រុមចោរបានចាប់មនុស្សនៅក្នុងផ្ទះចំនួន៤នាក់ ចងស្លាបសេកវាយដោយដែកសរសៃ រួចបានកកូរកកាយសម្ភារនៅក្នុងផ្ទះ យកបានគ្រឿងអលង្ការប្រមាណ២តម្លឹង និងប្រាក់រៀលចំនួន ១៨០.០០០រៀល ទើបគេចខ្លួនទៅតាមទ្វារក្រោយបាត់ស្រមោល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ៤នាក់ ដែលត្រូវបានក្រុមចោរចាប់ចង និងវាយដំលើរាងកាយនោះ ទី១-ឈ្មោះ ចេក ប្រាំង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ជាប្តីស្ត្រីរងគ្រោះ ឈ្មោះ អ៊ីង សុន អាយុ៥៨ឆ្នាំ មុខរបរកសិករ ចំណែក ឈ្មោះ គា ចាន់ធូ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាអ្នកលក់សម្លៀកបំពាក់ មានប្តីឈ្មោះ ជី លឹម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទង និងត្រូវជាកូនប្រសារ។ ជនរងគ្រោះទាំង៤នាក់នេះ រស់នៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង។ ចំណែកឯក្រុមចោរមានគ្នាចាប់ពី៣ទៅ៤នាក់ មិនស្គាល់អត្តសញ្ញាណ បិតមុខជិត ប្រដាប់ដោយកាំភ្លើងAK ២ដើម។
នគរបាលបន្តថា គ្រឿងអលង្កាដែលបាត់បង់នោះរួមមាន ខ្សែ.កមាស ១ខ្សែទម្ងន់៥ជី ,ខ្សែជើងប្លាទីន ២ខ្សែ ទម្ងន់៦ជី ,ខ្សែ.កប្លាទីន ២ខ្សែ ទម្ងន់៧ជី និងគ្រឿងអលង្កាមួយចំនួនទៀត។ នៅមុនពេលកើតហេតុឈ្មោះ ស៊ីម សំណាង បានជិះម៉ូតូចូលទៅអង្គុយលេងនៅក្នុងផ្ទះរបស់ជនរងគ្រោះ ដើម្បីជជែកគ្នារឿងរៀបចំពីធីមង្គលការកូន បន្ទាប់ពីជជែកគ្នាចប់សព្វគ្រប់ហើយនោះ ឈ្មោះ ស៊ីម សំណាង បានដើរចេញតាមទ្វារក្រោយផ្នែកចំហៀងខាងជើងផ្ទះជនរងគ្រោះបម្រុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ គ្រានោះមានជនសង្ស័យប្រមាណ៣ទៅ៤នាក់ បានសម្រុកចូលទៅក្នុងផ្ទះជនរងគ្រោះ និងបានបាញ់គំរាមជាច្រើនគ្រាប់ រួចចាប់ជនរងគ្រោះនៅក្នុងផ្ទះចងស្លាបសេក រើកកាយយកបានគ្រឿងអលង្កា និងប្រាក់មួយចំនួនគេចខ្លួនទៅតាមក្រោយផ្ទះជនរងគ្រោះបាត់ស្រមោល។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា សហការជាមួយនគរបាលស្រុកស្អាង បានតាមស្វែងរកក្រុមចោរតែរកមិនឃើញ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល កំពុងសហការជាមួយនគរបាលស្រុកស្អាង និងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ក្នុងករណីប្លន់នេះដែរ លោកបានដឹកនាំកម្លាំចុះទៅដល់ផ្ទះកើតហេតុដែរ តែមិនហ៊ានបាញ់ទៅលើក្រុមជនសង្ស័យនោះទេ ព្រោះខ្លាចរងរបួសម្ចាស់ផ្ទះ ពេលសមត្ថកិច្ចទៅដល់ ក្រុមចោរក៏បាញ់គំរាមឡើងលើ ហើយហែករបងលួសរត់គេចបាត់ដោយក្រុមចោរយកទៅជាមួយនូវគ្រឿងអលង្ការ និងលុយ ចំពោះករណីនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕