Monday, October 26, 2015

ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ ​៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ ៦​នាក់ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ខុសច្បាប់​មួយកន្លែង នៅ​ចំណុច​សណ្ឋាគារ​ភ្នំ​ពេជ្រ បន្ទាប់​លេខ​១០៣ ស្ថិតក្នុង​ភូមិ​ពាល​ញែក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥​។​

​លោក​វរសេនីយ៍ទោ ឈន រិទ្ធិ អធិការ​នគរបាល​ក្រុង​បាន​ប្រាប់ឲ្យដឹង​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ការសហការ​ពី​ម្ចាស់​សណ្ឋាគារ ថា មាន​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ និង​កងរាជអាវុធហត្ថ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វេសរ​នីយ៍ឯក រស់ ប៊ុន​ណាន ស្នងការរង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង ឆាយ ហុង ចុះបង្ក្រាប និង​ឃាត់ខ្លួន​នៅ​ទីតាំង​ខាងលើ​តែម្តង​។ ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ចាប់​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​ចំនួន​៦​នាក់ រួម​និង​វត្ថុតាង​មាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​៣​កញ្ចាប់​ធំ​ស្មើនិង​១៧​ក្រាម​, ម៉ូតូ​ម៉ាកវ៉េវ ចំនួន​២​គ្រឿង​, អាយ​ភេត ចំនួន​១​គ្រឿង​, ទូរស័ព្វដៃ​ចំនួន​៥​គ្រឿង​, កាបូប​ស្ពាយ​២ និង​ប្រដាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​
​លោក​វេសរ​នីយ៍ទោ ឈន រិទ្ធិ បាន​បន្តថា មុខសញ្ញា​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទី​១.​ឈ្មោះ​សេត អ៊ី​ហ្វា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បាក់​រទេះ សង្កាត់​ព្រៃ ក្រុង​-​ខេត្ត​ពោធិ៍សាត់ មុខរបរ​រត់​ម៉ូតូឌុប (​ជា​មេក្លោង​ចែកចាយ​), ទី​២.​ឈ្មោះ សៀន វ​តី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់​នៅ​ផ្សារ​ដើម​គរ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​៣.​ឈ្មោះ តុល ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មុខរបរ​រត់​ម៉ូតូឌុប​, ទី​៤.​ឈ្មោះ សួន ស៊ី​ណាត ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​បឹង​ជរ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​, ទី​៥.​ឈ្មោះ សាយ លីន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ខេត្ត​ព្រៃវែង និង​ទី​៦.​ឈ្មោះ រ៉​ន វីរៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បាក់​រទេះ សង្កាត់​ព្រៃ​ញី ក្រុង​-​ខេត្ត​ពោធិ៍សាត់​។​
​លោក​វេសរ​នីយ៍ទោ ឈន រិទ្ធិ បានបញ្ជាក់​ថា មុខសញ្ញា​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕