បាត់ដំបង ៖ នៅថ្ងៃទី៣០ តុលា ២០១៥ វេលាម៉ោង ២០:១៥នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ (រវាងបងប្អូនថ្លៃ) ជនសង្ស័យឈ្មោះ គ្រី សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានប្រើប្រាស់កាំបិតចាក់ទៅលើឈ្មោះ ផល សុផាត ភេទប្រុសអាយុ ២១ឆ្នាំ ចំនួន ០១កាំបិតចំថ្គាម និងកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។
លោកវរសេនីយ៍ត្រី ឆាង វណ្ណឆី អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ជនសង្ស័យជាបងថ្លៃជនរងគ្រោះ ហើយមូលហេតុនៃហិង្សាខាងលើ គឺបណ្តាលមកពីបងប្អូនថ្លៃទាំងពីរនាក់ មានទំនាស់ពាក្យសម្តីនិងគ្នា។
បច្ចុប្បន្នជនសង្ស័យជាបងថ្លៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕