Tuesday, October 27, 2015

ជនសង្ស័យ៣​នាក់ ជាប់ចោទ​បទ​កំហែង​យកលុយ​ពី​កម្មករ​ខ្មែរ​មក​ពី​ថៃ

​បន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​បង្ហាញ​មុខ​ក្រុម​ជនសង្ស័យ ៣​នាក់ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ដោយ​ជន​ទាំង​៣​នាក់ បាន​ជាប់​ពាក់ព័ន្ធ នឹង​ករណី​កំហែង​យក​លុយ​ពី​កម្មករ​ខ្មែរ​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ។​

​លោក​វរសេនីយ៍ត្រី ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ពី​បទ​កំហែង​យក​ទី​១.​ឈ្មោះ លីវ តាំង​ហូរ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន ឃុំ​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​, ទី​២.​ឈ្មោះ ពេជ្រ ចា​ន្ត្រា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​ទី​៣.​ឈ្មោះ ផល សីហា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរង ទទួលបន្ទុក​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ បានឲ្យ​ដឹង​ផងដែរ​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ កន្លងមកនេះ កើតមាន​ករណី​កំហែង​យក​មួយ ដែល​ផ្តើម​ចេញពី​អ្នក​រត់​តាក់ស៊ី​ចំនួន​៣​នាក់ បាន​ជំរិត​យកលុយ​ពី​អ្នកជិះរថយន្ត​តាក់ស៊ី​របស់គេ ដែល​មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ព្រំ ភ័​ក្រ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ជនរងគ្រោះ​ជិះ​រថយន្ត​តាក់ស៊ី ដែល​មាន​ម្ចាស់​រថយន្ត​ចំនួន ២​នាក់ ឈ្មោះ ផល សីហា ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ឈ្មោះ លីវ តាំង​ហូរ ដែល​ត្រូវជា​ប្អូនថ្លៃ​នោះ​ជា​ព្រូ​រថយន្ត ចំណែក​ឈ្មោះ ពេជ្រ ចា​ន្ត្រា ជា​អ្នកសមគំនិត​។ ក្នុង​រថយន្ត​នោះ គឺមាន​តែ​ជនរងគ្រោះ​ម្នាក់ឯង មកពី​ថៃ​ដល់​ប៉ោយប៉ែត ខ្លួន​បាន​ជិះ​រថយន្ត​តាក់ស៊ី​នោះ ក្នុងតម្លៃ ៨០០​បាត ទៅ​ដល់​ភ្នំពេញ ពេល​មកដល់​ចំណុច​ស្ពាន​តា​ផាន់ ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ អ្នក​រត់​តាក់ស៊ី​២​នាក់​បងថ្លៃ​ប្អូនថ្លៃ​នេះ គឺ​បាន​គំរាមកំហែង​យក​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន ១០.០០០​បាត រួច​គេចខ្លួន​។ បន្ទាប់មក​ជនរងគ្រោះ​បាន​មក​ប្តឹង​នគរបាល ហើយ​នគរបាល​បាន​ធ្វើ​ការស្រាវជ្រាវ ដែល​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ដែល​កម្លាំង​នគរបាល​កំពុងតែ​ស្រាវជ្រាវ​ផង​នោះ ទើប​នគរបាល​ឈានដល់​ការចាប់​ឃាត់​ខ្លួន​ទាំង​២​នាក់ ឈ្មោះ លីវ តាំង​ហូរ និង​ឈ្មោះ ផល សីហា រួម​ទាំង​ដកហូត​វត្ថុតាង​រថយន្ត​១​គ្រឿង ម៉ាក​កាមរី ពណ៌​ស្ពៃជ្រក់​។​
​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​២​នាក់​បងថ្លៃ​ប្អូនថ្លៃ បាន​និយាយថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ព្រំ ភ័​ក្រ នោះ​មែន ។ ប្រាក់​ចំនួន ១០.០០០​បាត ដែល​បាន​មក ខ្លួន​បាន​ប្រគល់​ខ្លះ​ឲ្យ​ប្រពន្ធ ចាក់​ហ្គាស​អស់ ១.០០០​បាត ឲ្យ​ប្អូនថ្លៃ​ឈ្មោះ តាំង​ហូរ ៥០០​បាត សល់​ប៉ុន្មាន​ខ្លួន​បាន​ទិញ​ថ្នាំញៀន​មក​ជក់​ជាមួយ​ប្អូនថ្លៃ​របស់​គេ ។​
​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា ជននេះ គឺជា​មុខសញ្ញា​ចាស់​ធ្លាប់​កំហែង​យកលុយ​ពី​ប្រជាពលរដ្ឋ​មកពី​ថៃ​ជាច្រើន​លើក​មក​ហើយ ដែល​កម្លាំង​នគរបាល​ខេត្ត បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​សកម្ម​ទើប​ឈាន​ដល់​ការបង្ក្រាប ប៉ុន្តែ​ពេល​នេះ​គេ​អស់លក្ខណ​ហើយ​។ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕