Friday, February 13, 2015

នគរបាលអន្តរជាតិកម្ពុជា (INETRPOL) ទទួលការបណ្តុះបណ្តាលជំនាញពីអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ

រាជធានីភ្នំពេញ ៖ នាយនគរបាលជាតិជាន់ខ្ពស់កម្ពុជា បានឲ្យដឹងថា នគរបាលអន្តរជាតិកម្ពុជា (INTERPOL) ធ្វើការបណ្តុះបណ្តាលជំនាញ ជាមួយអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាព ។ ពិធីនេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាមួយលោក FABRIZIO DI CARLO អ្នកគ្រប់គ្រងទិន្ន័យអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោក LEE HYUK មន្រ្តីទំនាក់ទំនងនគរបាលអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ឯឧត្តមឧត្តមសេនីយ៍ឯក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងនគរបាលអន្តរជាតិកម្ពុជា (INTERPOL) និងអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ទើបនៅថ្ងៃនេះ មន្រ្តីអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ បានមកបណ្តុះបណ្តាលជំនាញ ដល់មន្រ្តីនគរបាលជាតិកម្ពុជា ចំនួន១៣រូប ដែលមកពី នាយកដ្ឋាននគរបាលអន្តរជាតិ នាយកដ្ឋាននគរបាលប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ឯឧត្តមឧត្តមសេនីយ៍ឯក ថោង លីម បានមានប្រសាសន៍ទៀតថា ក្នុងការបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យនគរបាលកម្ពុជា ទទួលបានបទពិសោធន៍ថ្មីៗក្នុងការបង្រ្កាប ទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈអន្តរជាតិ ៕