ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តស្ទូច បើកបុករថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យអ្នកបើកបររថយន្តស្ទូច គាបជាប់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
សមត្ថកិច្ចនគបរបាល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ នូ សុខេង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែករថយន្តដឹកទំនិញធុនធំ ត្រូវបានគេស្គាល់ឈ្មោះ ជិន ខា ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិ ឃុំ ជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ មុនពេលកើតហេតុ រថយន្តស្ទូចពាក់ផ្លាកលេខ តាកែវ 3A.1716 បានបើកពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ បានឡើងជែងរថយន្ត ០១គ្រឿង ក៏ជ្រុលចង្កូតទៅបុករថយន្តដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ព្រៃវែង 3A.0679 បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យគាបអ្នកបើករថយន្តស្ទូចស្លាប់ នៅនឹងកន្លែង ចំណែករថយន្តធំ រងរបួសបន្តិចបន្តួច រថយន្តទាំង ០២គ្រឿង ខូចខាតធ្ងន់ ៕