Wednesday, February 11, 2015

នគរបាល​ចរាចរណ៍​ខេត្ត​បន្ទាយមានជ័យ ចុះ​ពង្រឹង​និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើក​បរ​រថយន្តឈ្នួល​


ខេត្ត​បន្ទាយមានជ័យ​៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​មាន​ប្រសិទ្ធភាព  ពិសេស​គឺ​បុណ្យចូលឆ្នាំ ចិន វៀតណាម ដែល​ជិត​ឈាន​មកដល់​នាពេល​ខាងមុខ​នេះ  កម្លាំង​នគរបាល​ចរាចរណ៍ ខេត្ត​បន្ទាយមានជ័យ ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក កែវ  សារិន នាយផ្នែក នៃ​ការិយាល័យ​នគរបាល​ជើងគោក​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​និង​ផ្សព្វផ្សាយ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​អ្នកបើកបរ​រថ​យន្ត​ឈ្នួល នៅតាម​ចំណត​រថយន្ត​ចំនួន​៥​កន្លែង ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ  ដែលមាន​អ្នកបើកបរ​រថយន្ត​ចំនួន​៧៣​នាក់ ចូលរួម​។​
​នៅ​ក្នុង​ការចុះ​អប់​ណែនាំ​នេះ លោក​អនុសេនីយ៍ឯក ខឹម វិសុទ្ធ នាយរង​ផ្នែក​នគរបាល​ចរាចរណ៍ ផ្លូវគោក​ខេត្ត បានលើកឡើង ពី​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​មករា ដើមឆ្នាំ​២០១៥​នេះ មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​៣៤​លើក ក្នុង​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​ចំនួន​២៨​លើក​,​គ្រោះថ្នាក់​ប្រភេទ ស្រាល​ចំនួន​ចំនួន​៦ លើក ។​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៧​នាក់​/​ស្រី​៣​នាក់​,​របួសធ្ងន់​២១​នាក់​/​ស្រី​៣​នាក់​និង​របួសស្រាល​២១​នាក់​/​ស្រី​៥​នាក់​។​
​លោក​អនុសេនីយ៍ឯក ខឹម វិសុទ្ធ បាន​ណែនាំ​និង​អប់រំ​ដល់​អ្នកបើកបរ​រថយន្ត​ឈ្នួល​ទាំងនោះ​ថា​៖​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​នា​ពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន វៀតណាម នាពេល​ខាងមុខ​នេះ ធានាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍ សូមឲ្យ​បងប្អូន​បើករថយន្តក​ឲ្យ​ហួស​ល្បឿន​កំ ណ​ត់ ក្នុង​ទីប្រជុំ​គឺ​ត្រូវ​បើក​៤០​គ​.​ម​ក្នុង​១​ម៉ោង​,​ក្រៅ​ទីប្រជុំ​គឺ​៦០​គ​.​ម​ក្នុង​១​ម៉ោង ការបើកបរ​មិនត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង បើកបរ​មិន​ប្រជែង​ឬ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ជាង​នេះ​ទៀតសោត​នោះ​គឺ​មិន​ត្រូវ​ផ្ទុកទំនិញ​សំពីងសំពោង លើស​ចំណុះ​និង អ្នកដំណើរ​ឲ្យ​ជិះ​លើដំបូល​រថយន្ត ទន្ទឹម​នោះ​ផងដែរ​គឺ​ត្រូវគោរព​ផ្លូវ​សិទ្ធ​អាទិ្ធ ភាព និង​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក នោះ​ទើប​បងប្អូន​ដែល​ជា​អ្នកបើកបរ ក៏ដូចជា​អ្នករួមដំណើរ មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​។​ម្យ៉ាងវិញទៀត​សុវត្ថិភាព​ចរាច​រណ៍ អាច​កើតមាន​ទៅបាន​គឺ ត្រូវ​ចាប់ផ្តើម​ចេញពី​យើងទាំងអស់គ្នា​៕