រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងមានវិធានការជាថ្មី ចំពោះអ្នករត់ម៉ូតូកង់បី ដែលប្រើប្រាស់វិទ្យុទាក់ទង ត្រូវបានដកហូតយកតែម្តង ដោយមិនទុកឲ្យប្រើប្រាស់បែបអនាធិបតេយ្យទៀតទេ។ការដាក់ចេញជាវិធានការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ សីហា នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងរាជធានី ៤រូប ស្នងការរាជធានី ស្ថាប័នតុលាការមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បញ្ហារ៉ឺម៉កតុតុ ក៏ហៅថា កង់បី ត្រូវបានលើកឡើងមកពិភាក្សាច្រើនលើកមកហើយ ដោយកន្លងមកនេះ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានប្រជុំជាមួយតំណាងខណ្ឌទាំង១២ ម្តងរួចមកហើយដែរ ហើយកិច្ចការនេះ បានសង្កត់ធ្ងន់ថា ហាមដាច់ខាតវិទ្យុទាក់ទងមិនឲ្យមានទេ។
លោកអភិបាលរង មាន ចាន់យ៉ាដា ជាមួយនឹងតំណាងសមាគមទាំងពីរ ខាងលោក វ៉ន ពៅ និងលោក អ៊ែល សម្ភស្ស ក៏បានឯកភាពក្នុងការបញ្ឈប់មិនប្រើវិទ្យុទាក់ទងផងដែរ ហើយកិច្ចការងារនឹងបន្តតាមដានមើល ក្នុងករណីមិនបញ្ឈប់ការប្រើប្រាស់វិទ្យុទាក់ទងនេះ នឹងត្រូវប្រើប្រាស់វិធានការដកហូតតែម្តង៕


