Tuesday, November 10, 2015

​រុស្ស៊ី​ជឿថា៖ យន្តហោះ​​ធ្លាក់​នៅ Sinai គឺ​ដោយសារ​គ្រាប់បែក​

កាលពី​ថ្ងៃ​ចន្ទ ប្រភព​ពី​សហរដ្ឋអាមេរិក ដែល​ស្និទ​ក្នុង​បញ្ហា​នេះ​បាន​និយាយថា ប្រព័ន្ធ​ទំនាក់ទំនង​រុស្ស៊ី ដែល​លួច​ស្ដាប់ បាន​ដោយ​ភ្នាក់ងារ​ចារកម្ម​អាមេរិក បានបង្ហាញ​ថា រុស្ស៊ី​បាន​ជឿថា យន្តហោះ​ដែល​ធ្លាក់​ក្នុង Sinai ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​៣១ ខែតុលា គឺ​ដោយសារ​គ្រាប់បែក ។
​ប្រភព​នេះ​បាន​និយាយទៀតថា ការ​លួច​ស្ដាប់​ព្រមទាំង​ភស្ដុតាង​នានា នាំ​ឲ្យ​ក្រុម​មន្ត្រី​អាមេរិក​សង្ស័យថា គ្រាប់បែក​ដែល​ដាក់​នៅ​លើ​យន្តហោះ Metrojet 9268 ត្រូវបាន​បំផ្ទុះ ក្រោយពេល​ដែល​យន្តហោះ Airbus A321 នេះ​ហោះ​ចេញ​បាន​បន្ដិច​ពី​ទីក្រុង Sharm al-Sheikh ។
​ប្រទេស​អេ​ហ្សី​ប និង​រុស្ស៊ី​នៅ​មិនទាន់​បាន​ប្រកាស​ជា​ផ្លូវការ ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ ។ ប្រទេស​ទាំង​ពីរ​បាន​ច្រាន​ចោល​ការវាយតម្លៃ​នៅពេល​ភ្លាមៗ​ដោយ​អាមេរិក និង​អង់គ្លេស​កាលពី​សប្ដាហ៍​មុន ដែល​ថា​ជា​ការ​បំផ្ទុះ​ដោយ​គ្រាប់បែក ។ ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​នា​នា បាន​លុបចោល​ការហោះហើរ​ទាំងអស់ ទៅកាន់​តំបន់​ទេសចរណ៍​សមុទ្រ​ក្រហម នៃ​ប្រទេស​អេ​ហ្ស៊ី​ប ក្រោយ​ពី​ការធ្លាក់​យន្ដហោះ​នេះ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការធ្លាក់​នេះ ប្រភព​ពី​រដ្ឋាភិបាល​អាមេរិក និង​អង់គ្លេស បានឲ្យដឹងថា ការ​លួច​ស្ដាប់​ការសន្ទនា​នេះ​បាន​បង្ហាញថា យន្តហោះ​នោះ​ធ្លាក់​ដោយ​សារ​គ្រាប់បែក ។
​ក្រុម​ពាក់ព័ន្ធ​នឹង​រដ្ឋ​អ៊ីស្លាម​ក្នុង​តំបន់​នេះ ដែល​បាន​ចាត់ទុក​ខ្លួនឯង​ថា​ជា​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ខេត្ត Sinai បាន​អះអាង​ទទួលខុសត្រូវ ចំពោះ​ការធ្លាក់​យន្តហោះ​នេះ ហើយ​បាន​បញ្ជាក់ថា ពួកគេ​សង​សឹង​ចំពោះ​ការអន្តរាគមន៍​របស់​យោធា​រុស្ស៊ី ក្នុង​សង្គ្រាម​ស៊ីវិល​ប្រទេស​ស៊ី​រី ៕