Monday, November 16, 2015

សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ រឿង​មន្ត្រី​យោធា​ម្នាក់ វាយ​សម្លាប់​ប្រពន្ធ​ដាក់​ក្នុង​ពាង​ដុត

​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ នា​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ប្រាប់ឲ្យដឹង​ថា ករណី​មន្ត្រី​យោធា​ម្នាក់​វាយ​សម្លាប់​ប្រពន្ធ ហើយ​យក​សព​ដាក់​ក្នុង​ពាងទឹក​ចាក់​សាំង​ដុត​កម្ទេច​ចោល រហូតមកដល់​ពេលនេះ កម្លាំង​របស់លោក​កំពុងបើក​ការស្រាវជ្រាវ​តាមរក​ជនសង្ស័យ យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​
​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២១:៣០​នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិគ្រឹះ​របស់​ឧត្តមសេនី​មួយរូប ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ចាក់​សាំង​ដុត​មនុស្ស​នៅ​ក្នុង​ពាងទឹក ដែល​គេ​ដឹងថា បង្កឡើង​ដោយសារ​ប្តី​ជា​មន្ត្រី​យោធា​ម្នាក់​វាយ​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង រួច​យក​សព​ទៅ​ដាក់​នៅក្នុង​ពាងទឹក​ខាងក្រោយ​ផ្ទះ​ហើយ​ដុត​ចោល​សល់​តែ​លលា​ដ៏​ក្បាល​។​
​សមត្ថកិច្ច​បានឲ្យដឹងថា សព​ស្ត្រី​រងគ្រោះ​ឈ្មោះ ទឹម សោភា ហៅ​ញ៉ាញ់ អាយុ​៣៤​ឆ្នាំ មុខរបរ​គួ​កជេរ​ដី ស្នាក់​នៅផ្ទះ​លេខ​១៤៧ ក្រុម​១១ ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ជា​ស្ត្រី​មេម៉ាយ​មាន​កូនស្រី​៣​នាក់​។ ចំណែក​ជនល្មើស​ឈ្មោះ សុង ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​នៅ​ទីចាត់ការ​ព្រំដែន ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ចំណុច​ផ្ទះ​លេខ​៤៥៧ ផ្លូវលំ ក្រុម​៦ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃ​រំដេង ស្រុក​គី​រី​វង្ស ខេត្តតាកែវ បុរស​សង្ស័យ​ជា​បុរស​ពោះម៉ាយ មានកូន​២​នាក់ ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​។​
​សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ថា កន្លងមក​ស្ត្រី​រងគ្រោះ (​សព​) និង​ជនសង្ស័យ​ធ្លាប់​បាន​លួចលាក់​ស្នេហា និង​ស្នាក់នៅ​ជាមួយគ្នា អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ហើយ​អ្នក​ទាំង​ពីរ​តែងតែ​មក​ជួប​គ្នា​នៅ​ផ្ទះ​កើតហេតុ ពីព្រោះ​ជនសង្ស័យ​ជា​អ្នកយាម​ផ្ទះ​អោយ​ឧត្តមសេនីយ៍​មួយរូប​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា មុន​នៅ​មុនពេល​កើតហេតុ អ្នក​ទាំង​ពីរ​ទំនងជា​មាន​ការផឹកស៊ី​ស្រវឹង ហើយ​ក៏​ទំនាស់​ពាក្យសំដី​គ្នា ទើប​ឈាន​ដល់​វាយ​សម្លាប់ និង​យក​សព​ដុត​ចោល​ក្នុង​ពាងទឹក​បែបនេះ ពីព្រោះ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ឃើញ​មាន​គ្រឿង​ក្លែម និង​ដប​ស្រា​សេសសល់​នៅក្បែរនោះ​។​
​តាម​ការបំភ្លឺ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឈុន ឡាយ ត្រូវ​ជា​បង​បង្កើត​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​១២:០០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្អូនប្រុស​របស់​គាត់ (​ជនសង្ស័យ​) បាន​ទៅ​ផ្ទះ​របស់​គាត់ ហើយ​នៅពេល​នោះ​គាត់​ឃើញ​នៅ​លើ​ផ្ទៃមុខ​ប្អូន​គាត់​មាន​ស្នាម​រលាកភ្លើង ពេលនោះ​គាត់​បាន​សួរថា មុខ​ឯង​ត្រូវ​អី​បានជា​មាន​ស្នាម​ភ្លើង​ឆេះ ពេល​នោះ​ជនសង្ស័យ​ត្រូវជា​ប្អូន​ប្រាប់​វិញ​ថា គេ​បាន​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​របស់​គេ ដោយ​យក​ទៅ​ដាក់​ក្នុង​ពាង​ចាក់​សាំង​ដុត​ទៀតផង ក្រោយមក​ប្អូន​គាត់​បាន​ផ្តាំផ្ញើ​ឲ្យជួយ​មើល​កូន​ឲ្យ​ផង ហើយ​បាន​ដើរចេញ​ទៅ​ក្រៅ​បាត់​។ ក្រោយមក​ពេលដែល​ប្តី​របស​គាត់​ត្រឡប់មក​ពី​ធ្វើការ​វិញ គាត់​ក៏​បាន​និយាយ​រឿង​ប្រាប់ ទើប​ប្តី​គាត់​បាន​ទូរ​សព្ទ័​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​កន្លែងកើតហេតុ​ពិនិត្យមើល​ថា តើ​កើត​មាន​រឿង​នឹង​ដែរ ឬ​អត់ ? ។ រហូតដល់​វេលា​ម៉ោង​២១:៣០​នាទី យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ ទើប​ដឹងថា ករណី​នេះ​កើតឡើង​ពិតប្រាកដ​មែន បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​នោះ​បានឲ្យដឹងថា កន្លងមក​គេ​តែងតែ​ឃើញ​ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ​ឲ្យតែ​មាន​ការផឹកស៊ី គឺ​ឮ​សូរ​សម្លេង​ឈ្លោះ​គ្នា​រហូត ហើយ​ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​ទៅ​ក្នុង​ភូមិ​ប្រាប់​អ្នក​ភូមិ​ថា គាត់​បាន​សម្លាប់​ប្រពន្ធ​គាត់​ហើយ តែ​អ្នក​ភូមិ​មិន​ចាប់​អារម្មណ៍​ទេ ព្រោះ​ជនសង្ស័យ​មាន​សភាព​ស្រវឹង​។​
​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​ដុត​ក្នុង​ពាងទឹក​នេះ រហូតដល់​វេលា​ម៉ោង​៨:៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ចុះ​ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ ដោយ​សភាព​សព​ឃើញ​នៅសល់​តែ​លលា​ដ៏​ក្បាល​ក្នុង​ពាង​ប៉ុណ្ណោះ​។​
​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួច ក៏​ប្រគល់​ឆ្អឹង​ឲ្យទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឃាតករ​នោះ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕​