ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជើង ខណៈដែលកំពង់បើកបរ ហើយក៏ទៅបុករថយន្តដឹកឥដ្ឋពីក្រោយ ពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ សង្ស័យអ្នកបើកបរងងុយដេក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១២នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខក្លោងទ្វារចូលវត្តសំរោងអណ្តែត ផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ហម គឹមហុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រងរបួសបាក់ជើង។ ចំណែកអ្នកបើកបររថយន្តដឹកឥដ្ឋមាន ឈ្មោះ សៀក ប៊ុនលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកឥដ្ឋ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6517 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ កំពង់ធំ 3A-1587 ក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នា ក៏ជ្រុលទៅបុកនឹងរថយន្តដឹកឥដ្ឋពីក្រោយ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសបាក់ជើង ហើយត្រូវបានគេជួយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង។ ដោយឡែកភាគីខាងរថយន្តដឹកឥដ្ឋ មិនមានអ្នករងរបួសទេ។
ក្រោយកើតហេតុ គេឃើញមាននគរបាលចរាចរណ៍ខណ្ឌសែនសុខ ចុះមកធ្វើការវាស់វែង ប៉ុន្តែដោយមានដំណាងខាងរថយន្តបង្ក ចេញមុខមកដោះស្រាយ ដោយព្រមយករថយន្តទៅជួសជុល និងព្យាបាលអ្នករបួសបាក់ជើង ដោយខ្លួនឯង ដោយពុំមានការប្តឹងផ្តល់អ្វីទេ៕

