កំពង់ចាម ៖ នៅក្នុងរយៈពេល ២ថ្ងៃ សមត្ថកិច្ចបង្រា្កប បាន ៣ករណី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ បានរកឃើញថ្នាំញៀនចំនួន ១៤កញ្ចប់ ក្នុងនោះធំ ១កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ បញ្ចូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីទោ សោម រស់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាបករណីរក្សាទុកនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ករណីគឺ លើកទី១ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង១៤:០០នាទី សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន ១១កញ្ចប់ ដែលមានទម្ងន់០,៥៣ក្រាម និងម៉ូតូចំនួន ២គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ BF0179 និងម៉ាកសេរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនចំនួន មួយសម្រាប់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១. ឈ្មោះ ពែក សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី២.ឈ្មោះ សុខ ឃី ហៅ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាប រស់នៅភូមិ ឃុំ ជាមួយគ្នា ។
លើកទី២ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង១៥:៣០នាទី សមត្ថកិច្ចដដែលបានបង្ក្រាបករណីរជួញដូរថ្នាំញៀន០១លើកទៀតនៅចំណុចផ្លូវលំម្តុំត្រពាំងតាហំ ស្ថិតនៅក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សចំនួន ១កញ្ចប់មានទម្ងន់០,០៨ក្រាមព្រមទាំងដកហូតម៉ូតូ ១គ្រឿងជាមធ្យោបាយដឹកជញ្ជូនថ្នាំញៀន ។ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ទី១.ឈ្មោះ ឈុន ភារម្យ ភេទប្រុស ជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ទី២.ឈ្មោះ ហ៊ាង ឈុនហ៊ាប ភេទប្រុស ជាតិខ្មែរ អាយុ២៦ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ទី៣.ឈ្មោះ យ៉ាន ណារ៉ុង ភេទប្រុស ជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងថ្នល់២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លើកទី៣ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៣:០០នាទី នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមបានរឹបអូសថ្នាំញៀនក្រាមពណ៌សចំនួន ២កញ្ចប់(ធំ១និងតូច១) ទម្ងន់០,៦៥ក្រាម ទូរស័ព្ទដៃអ៊ិនចុចពិលចំនួន ២គ្រឿង និងម៉ូតូម៉ាកហុងដា CBR ចំនួន ១គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ មានឈ្មោះ ធី ស៊ាងលី ភេទប្រុស ជាតិខ្មែរ អាយុ២៧ឆ្នាំ រស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់ចាម ខេត្តកំពង់ចាម ។
ករណីទាំងនេះ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ៕

