ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌចំការមន និងខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានឯកភាពពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ បានចំនួន ៣នាក់ ព្រមទាំងដកហូតបានកាំភ្លើង និងម៉ូតូសម្រាប់ធ្វើសកម្មភាពទៀតផង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ពៅ ភត្រា ហៅចន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩ ផ្លូវលំ សង្កាត់ចោមចៅ ,ទី២-ធី សុវណ្ណរិទ្ឋ ហៅក្រិដ្ឋ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៣F ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងទី៣-ឈ្មោះ ជា សុវណ្ណ ហៅគា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយចាប់ខ្លួនសមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីមួយដើម ម៉ាករ៉ូឡូ ម៉ូតូម៉ាក XR250 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FA-0313 ម៉ូតូម៉ាកស៊ុយស៊ូគីឡេត និងម៉ាកមីអូ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ បានសារភាពថា បានប្លន់ចំនួន ២លើក ដោយលើកទី១ នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ស្ថិមុខផ្ទះលេខ១៥សេ ផ្លូវលេខ៣០០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងលើកទី២ ប្លន់យកម៉ូតូឡេត នៅវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ស្ថិតនៅមុខផ្ទះលេខអា៨២ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគររាជធានីភ្នំពេញ
ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

