Friday, November 6, 2015

ចិន និង​វៀតណាម សន្យាថា​នឹង​ដោះស្រាយ​ការខ្វែងគំនិត​គ្នា

HANOI: ជំនួប​រវាង​ប្រធានាធិបតី​ចិន Xi Jinping និង​ក្រុម​មេដឹកនាំ​កំពូល​វៀតណាម បាន​ឯកភាពគ្នា​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ អំពី​ការគ្រប់គ្រង​ជម្លោះ ក្នុង​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង ស្របពេល​ដែល​ទំនាក់ទំនង​ស្ថិត ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ ដោយសារ​មាន​ការរៀបចំ​ឡើងវិញ នៃ​គណបក្ស​កុ​ម្មុយ​នី​ស​វៀតណាម​នាពេលខាងមុខ​នេះ ។ ការ​ប្រេះឆា​នានា​នៃ​ទំនាក់ទំនង​ត្រូវបាន​ផ្សះផ្សា ខណៈពេល​ជំនួប​រវាង​លោក Xi ជាមួយ​គណបក្ស​វៀតណាម​ដ៏​មាន​ឥទ្ធិពល ដែល​ពួកគេ​មួយចំនួន​ត្រូវបាន​បញ្ចុះបញ្ចូល​ដោយ​សហរដ្ឋអាមេរិក នៅពេល​ទំនាក់ទំនង​មានការ​ប្រេះឆា​រវាង ចិន និង​វៀតណាម កាលពី​ឆ្នាំមុន ក្រោយ​ពី​ចិន​ដាក់​ទីតាំង​អណ្ដូងប្រេង​ក្នុង​ដែនទឹក​ជម្លោះ ។
​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​សវៀត​ណា​ម​មួយ​និយាយថា លោក Xi បាន​ប្រាប់​ទៅ​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung ថា ភាគី​ទាំងពីរ​ត្រូវ​ការគ្រប់គ្រង​ភាពមិន​ស្របគ្នា​ឲ្យបាន​ត្រឹមត្រូវ ដោយ​ការចរចា​ដើម្បី​រក្សា​ស្ថេរភាព​ក្នុង​ដែន​សមុទ្រ ។ ដំណើរ​ទស្សនកិច្ច​របស់លោក Xi ធ្វើឡើង​ទាន់ពេលវេលា សំដៅ​កសាង​នូវ​ទំនាក់ទំនង​ឡើងវិញ ស្រប​ពេល​មាន​ភាព​មិន​ច្បាស់​លាល់​ខ្លះ​ថា តើ​មេដឹកនាំ​ប្រភេទ​ណា ដែល​នឹង​ត្រូវបាន​តែងតាំង​ដោយ​សមាជ​ប្រាំ​ឆ្នាំ នៅ​ខែ​មករា​ខាងមុខនេះ នៃ​គណបក្ស​ដែល​ជិតស្និទ​នឹង​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ឥឡូវ​កំពុង​ទទួល​នូវ​ការចូលរួម​ពី លោកខាងលិច ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ។ កិច្ចព្រមព្រៀងទ្វេភាគី​ចំនួន​១២ ត្រូវបាន​ចុះហត្ថលេខា រួមមាន ការផ្លាស់ប្ដូរ​វប្បធម៌​ឬ​មិត្តភាព និង​កិច្ចព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន ពាក់ព័ន្ធ​នឹង​ធនាគារ​ចិន ដែល​ភាគច្រើន​មិន​បាន​លាតត្រដាង​លំអិត ឬ​តម្លៃ​ឡើយ ៕