ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធ ២នាក់ និងដកហូតអាវុធខ្លី ១ដើម ក្រោយពេលធ្វើសកម្មភាពប្លន់ម៉ូតូ នៅក្នុងទឹកដីខណ្ឌចំការមន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយរត់គេចខ្លួន បាន៥ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
នគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ បានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធ ២នាក់ នេះ បានឃាត់ខ្លួននៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះលេខ២៧អឺ៣ ភូមិផ្លូវលេខ១១៨សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ នេះមាន ទី១-ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ និងទី២-ឈ្មោះ សុខ ចាន់ វ៉ែន ភេទប្រុស អាយុ៣១ឆ្នាំ និងដកហូតវត្ថុតាងជាក់ស្តែង មានកាំភ្លើងខ្លី ម៉ាករ៉ូឡូ ៤អ៊ីញ លេខ ១៩៣៦៤៦ ព្រមទាំងគ្រាប់ចំនួន ៥គ្រាប់ផងដែរ ។
ប្រភពព័ត៌មានដដែល បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូប្រជាពលរដ្ឋ នៅក្នុងទឹកដីខណ្ឌចំការមន កាលពីយប់ថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៥បានសម្រេចហើយ ព្យាយាមរត់គេចខ្លួនបាត់រហូត ។ បានប៉ុន្មានថ្ងៃក្រោយមក កម្លាំងសមត្ថកិច្ច ក៏ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដឹងច្បាស់ថា ក្រុមចោរប្លន់ទាំងនោះ កំពុងតែពួនសង្ងំលាក់ខ្លួននៅផ្ទះលេខ២៧អឺ៣ ភូមិផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ទើបកម្លាំងចុះមកសហការជាមួយកម្លាំងនគរបាលប៉ុស្ត៍ផ្សារថ្មី១ ចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតវត្ថុតាងកាំភ្លើងខ្លីមួយដើម ម៉ាករ៉ូឡូមាន ៥គ្រាប់ ដើម្បីបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

