Thursday, November 5, 2015

គ្រាប់បែក​របស់​រដ្ឋ​អ៊ីស្លាម ដែល​ជា​មូលហេតុ​នាំ​ឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​

ប្រភព​ពី​ភ្នាក់ងារ​សន្តិសុខ​សហរដ្ឋអាមេរិក និង​អឺរ៉ុប បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤ ខែវិច្ឆិកា​ថា ភស្តុតាង​បង្ហាញថា គ្រាប់បែក​ដែល​ត្រូវបាន​ដាក់​បង្កប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម ហាក់បីដូចជា​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ របស់​រុស្ស៊ី​ធ្លាក់ កាលពី​សប្ដាហ៍​មុន នៅ​ឧបទ្វីប Sinai ប្រទេស​អេ​ហ្ស៊ី​ប ។

ប្រភព​នេះ​បានបញ្ជាក់​ច្បាស់​ថា ពួកគេ​នៅ​មិនទាន់​ឈានដល់​ការសន្និដ្ឋាន​ចុងក្រោយ​ទេ អំពី​ការធ្លាក់​នេះ ។
​កាលពី​ថ្ងៃ​ពុធ ប្រទេស​អង់គ្លេស​បាន​រកឃើញ​បំណែក ដែល​ហាក់បីដូចជា​គ្រឿង​ផ្ទុះ ជា​មូលហេតុ​នៃ​ការធ្លាក់​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ក្រុម​ដែល​គួរ​ទទួលខុសត្រូវ​ឡើយ ។ លោក Philip Hammond រដ្ឋមន្ត្រី​កិច្ចការបរទេស​អង់គ្លេស បាន​និយាយ​ក្រោយ​ពី​កិច្ចប្រជុំ​គណៈកម្មាការ​គ្រប់គ្រង​វិបត្តិ ប្រទេស​អង់គ្លេស ដែល​ធ្វើ​ជា​ប្រធាន​ដោយ​នាយករដ្ឋមន្ត្រី David Cameron ថា ពួក​យើង​បាន​សន្និដ្ឋានថា មាន​ភស្ដុតាង​ដែល​អាច​យកជាការ​បាន​ពី​ការធ្លាក់​យន្តហោះ​នេះ ដោយ​ប្រើ​ឧបករណ៍​បំផ្ទុះ​នៅលើ​យន្តហោះ ៕