ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញា ប្លន់ កាច់សោកម៉ូតូ និងរកឃើញម៉ូតូ២គ្រឿង រថយន្ត១គ្រឿង លាក់ទុកនៅបន្ទប់ផ្ទះជួល តាមផ្លូវបេតុង ក្នុងភូមិត្រាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ជនសង្ស័យជាមុខសញ្ញាប្លន់ និងកាច់សោកម៉ូតូ ដែលត្រូវឃាត់ខ្លួនឈ្មោះ មុំ ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិជន្លង់ ឃុំជីមាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
នគរបាល បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញា ប្លន់ និងកាច់សោកម៉ូតូ យ៉ាងសកម្ម ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវ តាមដានអស់រយៈពេល៣ខែកន្លងមកហើយ ហើយជនសង្ស័យព្យាយាមរត់គេញពីសមត្ថកិច្ច រហូតមកដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចប្រទះឃើញជនសង្ស័យនៅតាមផ្លូវវេងស្រេង រួចតាមចាប់ឃាត់ខ្លួននាំទៅដល់ផ្ទះជួល រកឃើញសម្ភារសម្រាប់កែច្នៃម៉ូតូ ស្លាកលេខម៉ូតូចំនួន៦បន្ទះ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ វត្ថុតាងរកឃើញមានដូចជា ម៉ូតូស៊េរី២០១៥ ចំនួន២គ្រឿង ពណ៌ខ្មៅ អត់មានស្លាកលេខ រថយន្ត១គ្រឿង ម៉ាកCRV ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-6533 ដែលលាក់ទុកក្នុងបន្ទបជួល។
ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារពាក់ព័ន្ធ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគររាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

