Thursday, November 5, 2015

កម្មការិនី​ម្នាក់ ស្លាប់ និង​៤​នាក់​ទៀត ដួលសន្លប់ នៅ​រោងចក្រ សម្បត្តិ ត្រេ​ឌី​ង

ព្រៃវែង​៖ កម្មការិនី ម្នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត បាន​ដួលសន្លប់ នៅ​រោងចក្រ សម្បត្តិ ត្រេ​ឌី​ង  ស្ថិតក្នុង​ស្រុក​ស្វាយ​អន្ទរ កាលពី​វេលា​ម៉ោង ៤:៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​
​សមត្ថកិច្ច​បានឲ្យដឹងថា នៅវេលា​ខាងលើ កម្មករ​នៅ​រោងចក្រ សម្បត្តិ ត្រេ​ឌី​ង ៥​នាក់ (​ស្រី​) បាន​ខ្យល់ ថប់ដង្ហើម សន្លប់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យភា្ល​មៗ​ផងដែរ ប៉ុន្តែ​ជា​អកុសល​កម្មការិនី​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។
​សមត្ថកិច្ច​បាន​បន្តថា កម្មការិនី​ដែល​បាន​ស្លាប់​នោះ​មាន ឈ្មោះ រ៉​ន ស្រី​នាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជា​ខ្លា​ង បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ចំណែកឯ​អ្នក​ដួលសន្លប់ ទាំង​៤​នាក់ រួមមាន ទី​១- ឈ្មោះ អៀន អ៊ី​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ទី​២-​ឈ្មោះ អៀន អ៊ិន ភេទ​ស្រី អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​កញ្ច្រៀច​, ទី​៣-​ឈ្មោះ វ៉ាង ស្រី​ម៉ុច  ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ទ្រេត ឃុំ​តា​កោរ ស្រុក​ពោធិ​រៀង និង​ទី​៤-​ឈ្មោះ ចាន់ ស្រី​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លា​ង ។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា អ្នក​ទាំង ៤​នាក់ គ្រាន់តែ​សន្លប់ និង​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ស្វាយ​អន្ទរ មូលហេតុ​មកពី​ខ្យល់​ថប់ដង្ហើម ។ ចំណែក​កម្មការិនី ដែល​បាន​ស្លាប់​ត្រូវបាន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​