ត្បូងឃ្មុំ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអនុវត្តតាមដីកា របស់សាលាដំបូងខេត្ត លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបទទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កាលពីវេលាម៉ោង ១៥:០៣នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការអនុវត្តដីកានេះ កម្លាំងសមត្ថកិច្ចបានធ្វើការលោមព័ទ្ធជនល្មើស ក្នុងពេលកំពុងណាត់គ្នាដើម្បីទិញអាវុធ ដើម្បីធ្វើសកម្មភាពបន្ត ពេលនោះជនសង្ស័យ បានធ្វើការបាញ់តដៃ សមត្ថកិច្ចបានធ្វើការបាញ់តវិញ បណ្តាលឲ្យជនល្មើស ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យម្នាក់ដែលស្លាប់ មានឈ្មោះ នាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជាមុខសញ្ញាមកពីខេត្តកំពង់ធំ និង របួស ម្នាក់ ឈ្មោះ ញ៉េ ឡយ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានបញ្ជាក់ដែរថា ការចុះអនុវត្តតាមដីកា នេះក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ និង លោកព្រះរាជអាជ្ញា សាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការអនុវត្តដីកាចំនួន ២ដីកា លេខ៩៨៥ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ករណីលួចមានស្ថានទំងន់ទោស ប្រព្រឹត្តទៅនៅភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង លេខ ១២០៤ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ករណីលួចមានស្ថានទំងន់ទោស ប្រព្រឹត្តទៅនៅភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕


