ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល
បានធ្វើការស្រាវជ្រាវឃាត់ខ្លួន តាមវ័យ៨៨ ឆ្នាំម្នាក់
តាមពាក្យបណ្តឹងរបស់ម្តាយ ជនរងគ្រោះដែលមានអាយុ ២១ឆ្នាំ
មានសតិមិនគ្រប់គ្រាន់ម្នាក់ ដែលបានប្តឹងចោទប្រកាន់ថា តាខាងលើនេះ
បានធ្វើសកម្មភាពចាប់ អូសដៃកូនស្រី របស់គាត់ យកទៅរំលោភសេពសន្ថវៈ
នៅក្បែរគុម្ពឫស្សី កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤
ស្ថិតក្នុង ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
ខណៈនារីរងគ្រោះបាន ទៅបន្ទោបង់នៅកន្លែងស្ងាត់ក្បែរ ផ្ទះជនសង្ស័យ ។
អធិការនគរបាល ស្រុកខ្សាច់កណ្តាល លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានឲ្យដឹងថា
ជនសង្ស័យមាន ឈ្មោះ ទុំ យន់ ភេទ ប្រុស អាយុ ៨៨ឆ្នាំ ជនជាតិខ្មែរ
ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បានកាលពី វេលាម៉ោង១១ ថ្ងៃទី១២ ខែកុម្ភៈ
ឆ្នាំ២០១៥ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុង ភូមិក្រូចសើច ឃុំពុកឫស្សី
ស្រុកខ្សាច់កណ្តាល ។ ចំណែកឯនាងក្រមុំមាន សតិមិនគ្រប់គ្រាន់រងការ
ចាប់រំលោភសេពសន្ថវៈនោះ មាន ឈ្មោះ ស ល អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
ជាមនុស្សមានសតិមិនគ្រប់គ្រាន់ តាំងពីកំណើត បច្ចុប្បន្នរស់នៅ
ក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានបន្តថា
ជនសង្ស័យឈ្មោះ ទុំ យន់ បានធ្វើសកម្មភាពចាប់នារីរងគ្រោះ
អូសទៅក្បែរគុម្ពឫស្សីរួចធ្វើ សកម្មភាពរំលោភសេពសន្ថវៈ
គ្រាដែលនារីរងគ្រោះដើរទៅ បន្ទោបង់នៅកន្លែងស្ងាត់ខាងក្រោយផ្ទះរបស់ខ្លួន ។
ស្របពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ មានសាក្សី៣នាក់
បានឃើញហេតុការណ៍ជាក់ស្តែង ក៏ចូលទៅចាប់ជនសង្ស័យ
ចេញពីក្មេងស្រីហើយបានទៅប្រាប់ ម្តាយនារីរងគ្រោះដែលកំពុងនៅផ្ទះ ។
លោកអធិការបានបន្តថា បន្ទាប់ពីបានដឹងហើយនោះម្តាយ
នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល
ពុកឫស្សីឲ្យ ជួយអន្តរាគមន៍ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ
បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការសាកសួរកសាង
សំណុំរឿងចាត់ការតាមច្បាប់ ៕
