ភ្នំពេញៈ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥
ខែកុម្ភៈ ឆ្នាំ២០១៥នេះ
បានបើកិច្ចប្រជុំមួយដើម្បីកំណត់ចំនួនស្ត្រីមានផ្ទៃពោះ
និងស្ត្រីមានកូន
ដែលត្រូវដោះលែងតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា
កាលពីពេលថ្មីៗនេះ។ តាមមន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌
ស្ត្រីដែលមានផ្ទៃពោះ អាចនឹងត្រូវដោះលែងមុនថ្ងៃសិទ្ធិនារី
៨មីនាខាងមុខនេះ។
មន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចំនួនស្ដ្រីមានផ្ទៃពោះ
និងមានកូននៅក្នុងពន្ធធនាគារទូទាំងប្រទេសកម្ពុជា
អាចមានលើសពី៤០នាក់ តែចំពោះស្ដ្រីមានផ្ទៃពោះ និងមានកូន
ដែលត្រូវដោះលែងតាមការស្នើសុំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
គឺមិនទាន់ដឹងពីចំនួននៅឡើយទេ ការដោះលែងនេះ អាចធ្វើឡើងឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា
ប៉ុន្តែសម្រាប់ស្ត្រី
ដែលមានផ្ទៃពោះអាចត្រូវធ្វើឡើងនៅមុនទិវាសិទ្ធិនារី៨មីនា។
លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
មានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា
ក្រសួងនឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ
ដើម្បីកំណត់ចំនួនស្ត្រីដែលត្រូវដោះលែងនេះឲ្យច្បាស់។ លោកបន្តថា
ចំនួនស្ត្រីមានផ្ទៃពោះ
និងមានកូនជាប់ពន្ធនាគារអាចនឹងលើសពី៤០នាក់។ លោកបានបន្ថែមថា
លក្ខខណ្ឌក្នុងការដោះលែងនេះ គឺអាចធ្វើទៅបានតែលើទណ្ឌិតស្ដ្រីណា
ដែលមានតុលាការបានសម្រេចថា
ពួកគេមានទោសរយៈពេលប៉ុន្មានឆ្នាំៗរួចរាល់ហើយប៉ុណ្ណោះ។
ប៉ុន្តែចំពោះស្ដ្រីមានផ្ទៃពោះ
និងស្ដ្រីមានកូនណាមិនទាន់ទទួលបានការសម្រេចពីតុលាការថា ជាប់ទោស
នឹងមិនត្រូវដោះលែងនោះទេ។
ដោយឡែក របាយការណ៍របស់អង្គការលីកាដូ បានបង្ហាញថា ក្នុងឆ្នាំ២០១៤
ពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារទាំងអស់នៅទូទាំងប្រទេសកម្ពុជា
ស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងពពោះ មានចំនួន៥៥នាក់
កំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំងនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង
សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការដោះលែងស្ត្រីមានផ្ទៃពោះ
និងមានកូនដែលមានប្រមាណ៤០នាក់ នៅទូទាំងប្រទេស ដើម្បីធានាថា
កូនៗរបស់គេមិនកើតក្នុងពន្ធនាគារ។ សម្ដេចបញ្ជាក់ថា
ការស្នើសុំព្រះរាជទានទោសរបស់លោក មិនមែនបំពានច្បាប់នោះទេ
តែដោយសារសម្ដេចមានអំណាចក្នុងការសុំព្រះរាជទានទោសនេះ៕
