បុណ្យ Halloween ចាប់កំណើតតាំងពីជាង ២០០០ឆ្នាំមុនមកម្លេះ បុណ្យនេះផ្តើមចេញពីពិធីបុណ្យមួយឈ្មោះថា Samhain (សាវីន) របស់បុព្វបុរសក្រុមជនជាតិ Celtic ដែលជាក្រុមជនជាតិ រស់នៅកំឡុង២០០០ឆ្នាំមុន នៅលើទឹកដី ប្រទេសអៀរឡង់ ក្នុងចក្រភពអង់គ្លេសសព្វថ្ងៃ។
តាមប្រពៃណីរបស់ជនជាតិ Celts ពួកគេតែងតែប្រារព្ធ បុណ្យចូលឆ្នាំថ្មីរបស់ពួកគេនៅថ្ងៃ ១ ខែវិច្ឆិកា ព្រោះពេលវេលានេះគឺត្រូវបានចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ និងការប្រមូលផល ហើយក៏ជាការចាប់ផ្តើម រដូវរងារដ៏ត្រជាក់ដែលពោពេញដោយភាពងងឹត។ ពួកគេជឿថានៅយប់មុនថ្ងៃចូលឆ្នាំថ្មី គឺជាការខិតជិត ចូលគ្នារវាងភពងងឹត និងភពមនុស្ស។ ព្រំដែនដែលខណ្ឌចែករវាងពិភពព្រលឹងខ្មោចអាសូរកាយ និងភពមនុស្សគឺប្រែជាស្នែង ដែលអាចអនុញ្ញាតឲ្យព្រលឹងទាំងឡាយអាចចេញមកក្នុងពិភពមនុស្សបានយ៉ាងងាយ។
ដូច្នេះហើយទើបនៅយប់ថ្ងៃទី ៣១ តុលា មុនថ្ងៃចូលឆ្នាំមួយថ្ងៃ ពួកជនជាតិ Celtic តែងតែបានប្រារព្ធពិធីមួយ ដែលពួកគេនឹងទុកអាហារនិងស្រាមួយចំនួននៅខាងមុខផ្ទះ ដើម្បីការពារមិនឲ្យព្រលឹងព្រលឹងខ្មោចទាំងនោះ ចូលទៅរកអាហារនៅក្នុងផ្ទះពួកគេ។ ជាងនេះទៅទៀត បើសិនជាពួកគេត្រូវចេញក្រៅផ្ទះនៅយប់ទី៣១ តុលា ពួកគេត្រូវតែពាក់ម៉ាសមុខ ឬតុបតែងដូចខ្មោចដើម្បីប្រឡំខ្លួនជាមួយព្រលឹងខ្មោចដទៃជៀសវាងគ្រោះមហន្តរាយដល់ខ្លួន។
ហេតុអ្វី Samhian (សាវីន) ប្រែទៅជា Halloween (ហាលូវីន) នៅស.វ ទី៨ ឥទ្ធិពលនៃគ្រីស្ទសាសនាពីប្រទេសអង់គ្លេស និងបណ្តារប្រទេសអ៊ឺរ៉ុបដទៃទៀត បានរីករាលដាលចូលទៅក្នុងទឹកដីរបស់ក្រុម Celtic ប្រទេសអៀរឡង់។ ហើយបុណ្យ Samhain របស់ក្រុមជនជាតិ Celtic គឺត្រូវនឹងថ្ងៃតែមួយនៃ បុណ្យរបស់សាសនាគ្រីស្ទដែលមានឈ្មោះថា All Hallows ឬ All Hallowmas ដែលបុណ្យប្រារព្ធឡើងដើម្បីរំលឹកខួប និងគោរពដល់ពួកបុព្វបុរសបរិសុទ្ធ នៃគ្រីស្ទសាសនា។ ព្រោះតែ គ្រីស្ទសាសនាមានប្រជាប្រិយភាពខ្លាំងនៅទ្វីបអ៊ឺរ៉ុប បានធ្វើឲ្យមានការច្របាច់ចូលគ្នារវាងបុណ្យ Samhain និង All Hallowmas។
ហើយនៅយប់មុនបុណ្យ All Hallows ក្នុងភាសាអង់គ្លេស គឺហៅថា All Hallows Eve បន្ទាប់មក ក៏បានក្លាយឈ្មោះជា Halloween ដូចសព្វថ្ងៃ ៕ ដកស្រង់ចេញពី: គេហទំព័ររបស់ វីតាល់