Monday, November 16, 2015

​ផាកពិន័យ ចំពោះ​បុគ្គល​ណា ចោល​សម្រាម​នៅ​ទីសាធារណៈ​

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​ប្រជាពលរដ្ឋ រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សម្រាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន បានន​គ្រប់ៗ​គ្រប់​គ្នា​ដើម្បី​រួមគ្នា​ថែរក្សា​សម្អាត​បរិស្ថាន​នៅ​ក្នុង​មូលដ្ឋាន​ឲ្យមាន​ភាព​ល្អ​ប្រសើរ ។​
​នៅក្នុង​អនុក្រឹត្យ​នោះ បាន​កំណត់​ថា សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការវែកញែក វេច​ខ្ចប់​សម្រាម បែងចែក​សម្រាម ដាក់​ទុក​សម្រាម​តាម​ដងផ្លូវ​មិន​សមស្រប​តាម​ពេលវេលា​ដែល​បានកំណត់  ការ​បោះចោល​សម្រាម​តាម​ទីសាធារណៈ ដងផ្លូវ​ការដុត​សម្រាម​នៅ​ទីប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ  ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម​ដែល​មិន​រៀបចំ​មាន​ធុងសម្រាម​ត្រឹមត្រូវ  ការ​វេច​ខ្ចប់​ដោយ​មាន​លាយ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់  នឹង​ត្រូវ​ទទួល​បានកា​រ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ១​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​សម្រាម ។ ក្នុងករណី​បុគ្គល​បង់​ប្រាក់​ពិន័យ​មិន​តាម​ពេលវេលា​កំណត់ ការ​ពន័យ​នឹងត្រូវ​បង់ពិន័យ​កើន​ចំនួន​ពី​២​ដង ទៅ​៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ ។​
​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សម្រាម  និង​សំណល់​រឹង​នៅ​ទីប្រជុំ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​ក្រុង​ស្រុក​ខ័ណ្ឌ រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​កំណត់​គោលការណ៍​ណែនាំ​របស់​ខ្លួន​ឲ្យ​សមស្រប​ដាក់ជូនទៅ​ប្រជាពលរដ្ឋ បណ្តា​ម្ចាស់​អាជីវកម្ម និង​សហគ្រាស​នានា​នៅ​មូលដ្ឋាន  សំដៅ​កំណត់​ពី​របៀប​គ្រប់គ្រង​ទុកដាក់ វេច​ខ្ចប់ វែកញែក​សម្រាម និង​សំណល់​រឹង រាវ ឲ្យបាន​ត្រឹមត្រូវ និង​សម្របសម្រួល​កិច្ចដំណើរការ​សេវា​សំអាត ប្រមូល​ដឹកជញ្ជូន ទុកដាក់​សម្រាម ឲ្យ​ល្អ​ប្រសើរ ។​
​នៅ​ឆ្នាំ​២០១៥​នេះ ក្រសួង​បរិស្ថាន រួមសហការ​ជាមួយ​ក្រសួង​សេដ្ឋ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ បាន​សម្រេចចិត្ត​បង្កើត​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​ជូន​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​នៅ​ទូទាំង​ប្រទេស  សម្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់នោះ អនុវត្ត​មុខងារ គ្រប់គ្រង​សម្រាម សំណល់​រឹង រាវ​នៅ​ទីប្រជុំជន​។​
​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា សម្រាប់​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​រដ្ឋ​ផ្ទេរ​ទៅឲ្យ​អាជ្ញាធ​មូលដ្ឋាន​អនុវត្ត​ផ្ទាល់​នេះ ប្រសិនបើ​អនុវត្តបាន​ជោគជ័យ រដ្ឋបាល​ថ្នាក់​ជាតិ នឹង​បង្កើន​ការផ្ទេរ​មុខងារ និង​ថវិកា​ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​ការគ្រប់គ្រង កា​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ ៕