កំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ទីផ្សារ គឺជាអាយុជីវិត នៃសេដ្ឋកិច្ចផ្សាភ្ជាប់ពីសហគមន៍ ឬរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានមកកាន់ខេត្តក្រុង ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែគិតគូរការរៀបចំសណ្តាប់ធ្នាប់ទីផ្សារឲ្យមានអនាម័យ និងសោភ័ណភាពល្អ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងអាជីវករ។ លោកជំទាវបានថ្លែងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលប្រជុំមួយខ្នងនៅក្នុងសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោកជំទាវបានថ្លែងបន្តទៀតថា ការដោះដូរលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលប៉ះពាល់ដល់ការអភិវឌ្ឍ ក្នុងការរៀបរយសណ្តាប់ធ្នាប់សាធារណៈនោះ មិនមែនបានន័យថា ធ្វើឲ្យប្រជាពលរដ្ឋខាតបង់នោះទេ ដូចនេះប្រជាពលរដ្ឋសូមស្វែងយល់ និងចូលរួមក្នុងផែនការរៀបចំអភិវឌ្ឍរបស់អាជ្ញាធរខេត្តក្រុង ដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ ដោយឡែកប្រជាពលរដ្ឋដែលកំពុងយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវយល់ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ មិននៅតែដដែលនោះទេ គឺប្រមុខរាជរដ្ឋាភិបាល នឹងមានគំរោងពង្រីកផ្លូវជាតិ ផ្លូវអាស៊ាន ស្របតាមការរីកចំរើនរបស់ប្រទេសជាតិ និងការរីកចំរើនក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
លោកជំទាវ បានបន្តថា ស្នើសុំឲ្យអាជ្ញាធរខេត្តក្រុង រៀបចំបង្គន់សាធារណៈ និងធុងសំរាមនៅតាមតំបន់ទេសចរណ៍ក្នុងក្រុង និងទីរមណីយដ្ឋាននានាក្នុងខេត្ត ដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចេញចូលលេងកម្សាន្ត ដើម្បីចូលរួមប្រឡងប្រណាំងក្នុងចលនាប្រឡងប្រណាំងថ្នាក់ជាតិ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានថ្លែងកោតសសើរផងដែរដល់អាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង ដែលបានអនុវត្តផែនការបំលាស់ទីផ្ទះបណ្តែតទឹកមុខទន្លេផ្សារក្រោម ទៅកាន់ទីតាំងថ្មីបានដោយជោគជ័យ។ ទន្ទឹមនេះដែរ លោកជំទាវ ក៏បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង យកចិត្តទុកដាក់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីតាំងថ្មី និងសំណូមពរដល់បណ្តាខេត្តផ្សេងៗឲ្យយកគំរូរបស់ខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្ទះបណ្តែតទឹក។
ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ងថា គំរោងសាងសង់សាលប្រជុំថ្មីរបស់សាលាខេត្តនេះ មានទំហំបណ្តោយ៤៥ម៉ែត្រ គុណ២៤ម៉ែត្រ កម្ពស់២ជាន់ តាមរចនាបទខ្មែរដែលជាថវិការបស់ជាតិ ដែលអាចដាក់មនុស្សបានចំនួន៥០០នាក់ចូលរួមប្រជុំ។ ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពនៅក្នុងទីក្រុងកំពង់ឆ្នាំង ឯកឧត្តមបានបន្តថា បច្ចុប្បន្នមានផ្ទះ៤ខ្នង ដែលបានសាងសង់រំលោភលានលយមកលើដីផ្លូវសាធារណៈ ដែលអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយ មានចំនួន៤ខ្នង ដែលកំពុងរឹងរូស។ នៅខាងមុខនេះ គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត និងកម្លាំងចម្រុះ នឹងអនុវត្តវិធានការរដ្ឋបាល ដើម្បីសម្រេចឲ្យបានតាមផែនការអភិវឌ្ឍរបស់ខេត្ត។
ឯកឧត្តមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តក្រុង សហការគ្នាឲ្យបានល្អ ដើម្បីសម្រេចបាននូវផែនការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅផ្សារលើ និងផ្សារក្រោម ការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេផ្សារក្រោម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍របស់ខេត្ត ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ៕