កំពង់ឆ្នាំង ៖ សង្វៀនប្ជល់មាន់ មានបង្កប់បៀអាប៉ោងដ៏ធំមួយ កំពង់បើកលេងយ៉ាងពេញទំហឹង ចាញ់ ឈ្នះ រាប់ម៉ឺនដុល្លារ ក្រោមការបើកភ្លើងខៀវ ពីអាជ្ញាធរ និងលោកស្នងការនគរបាល រួមទាំងមេបញ្ជាការអាវុធហត្ថខេត្ត ហើយលោកធំនៅខេត្តកំពង់ឆ្នាំងនោះ មិនគិតគូរនិងយកចិត្តទុកដាក់ ពីអនុះសាសន៍របស់សម្តេចតេជោកាលពីថ្ងៃទី១ វិច្ឆិកា ២០១៥ នៅឯតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត កន្លងមកថ្មីៗនេះថា.អស់លោកចៅហ្វាយខេត្ត ទាំងឡាយណា ដែលនៅតែបន្តឲ្យកើតមាន នូវល្បែងស៊ីសង ពាលាអាវ៉សែ នៅតាមបណ្តាខេត្តរបស់ខ្លួន គឺសុំឈប់រាប់អានសម្តេច ព្រោះសម្តេចមិនចង់រាប់អាន អស់លោកណា ដែលមានពាក់ពន្ធនឹងល្បែងស៊ីសងនោះឡើយ។
ដោយឡែកមកដល់ថ្ងៃនេះហើយ នៅខេត្តកំពង់ឆ្នាំង លោក នូ សាមិត្ត ជាចៅហ្វាយខេត្ត មិនខ្វល់នោះឡើយ ហើយលោកកំពុងបើកឲ្យមានល្បែងជល់មាន់ បង្កប់ដោយបៀអាប៉ោង លេងយ៉ាងភ្លូកទឹកភ្លូកដី នៅចំណុចខាងក្រោយបន្ទាយយោធា ស្ថាបនា.សាឡាង (៧១) ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកពញាឮ ខេត្តកណ្តាល និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់សង្វៀន ឈ្មោះ ពេជ្យ ជានគរបាលក្រៅក្រាបខណ្ឌ ជាអ្នករត់ការមើលខុសត្រូវ ឲ្យលោកធំយោធាពាក់ផ្កាយម្នាក់។
គួរបញ្ជាក់ថា មានអ្នកញៀនល្បែងរាប់ពាន់នាក់ សម្រុកមកលេងរាល់ថ្ងៃ រហូតដល់យប់បើកភ្លើងលេងទៀតផងហើយ ក្នុង១គូ ជល់ដាក់លុយចាប់ពី ១លានរៀលឡើងទៅ ១០លាន ៥០លាន ហើយក្នុង១លាន ដាក់ដើមថាន់ ១០ម៉ឺនរៀល (ដកតុង) ១លាន គឺ១០ម៉ឺនរៀលឯណោះ។
បើតាមការអួតអាង របស់ឈ្មោះ ពេជ្យ ប្រាប់អ្នកលេងល្បែងថា គ្រាន់តែរត់ការដោះជូនខាងអាជ្ញាធរស្រុកខេត្តទាំងបី ដែលពាក់ពន្ធនេះ ចំណាយក្នុង១ខែៗ មិនតិចជាង ១ម៉ឺនដុល្លារនោះទេ អញ្ជឹងបានជាអស់លោក មិនបង្ក្រាបសោះ ហើយហ៊ានប្រឆាំង និងអនុះសាសន៍សម្តេចតេជោ ហ៊ុន សែន ទៀតផង។
ពាក់ពន្ធនឹងវង់ល្បែងស៊ីសងខាងលើនេះ អ្នកយកព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីសមត្ថកិច្ច និងអាជ្ញាធរ ដែលពាក់ពន្ធ ប៉ុន្តែខាងអាជ្ញាធរ និងសមត្ថកិច្ចបានឆ្លើយដោះសារ យករួចខ្លួន ដោយខាងខេត្តកំពង់ឆ្នាំងឆ្លើយដាក់កំពង់ស្ពឺ ឯកំពង់ស្ពឺឆ្លើយដាក់ខេត្តកណ្តាលទៅវិញ អស់ទាស់តាហ្មងចុះ បើរួមដៃគ្នាបង្ក្រាបទៅបានអត់ ព្រះអង្គអើយៗ?៕