ពិធីបុណ្យអ៊ុំទូក មានតាំងពីបូរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ។ ហេតុអ្វីបានជាគេរៀបចំពិធីបុណ្យអ៊ុំទូក?
បុណ្យអ៊ុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន រួមមាន៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើម ចែងថា ៖
នៅសម័យអង្គរនាគ្រឹស្តសករាជសតវត្សទី១២ ក្នុងកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចំបាំងរំដោះក្រុងកម្ពុជាឲ្យរួចស្រឡះចេញពីខ្មាំងសត្រូវ (គ.ស. ១១៧៧-១១៨១) រឿងចំបាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំង នាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
តាមឯកសារមួយទៀតបង្ហាញថា ល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទំលាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ បែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទ ទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជា ទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសំរាប់កងទ័ព។
របៀបបង្ហាត់ច្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី ៤ទិស «ចតុស្តម្ភ» ដែលនៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សំរាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូរមី ខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់ រាល់ឆ្នាំ។
ចំណែកទាហានជើងទឹកឲ្យទៅប្រលងឫទ្ធី ឯទន្លេពាមកន្ថោក ក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ យើងអាចសន្និដ្ឋានបាន ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជាធ្វើពិធីបុណ្យអ៊ុំទូកនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណ៕