ខេត្តបន្ទាយមានជ័យ៖ សកម្មភាពនៃការនាំអង្កាមចេញទៅប្រទេសថៃ ដឹកតាមរថយន្តធុនធំ ធ្វើឡើងជារៀងរាល់ថ្ងៃ មិនមានការវេចខ្ចប់ ឲ្យបានត្រឹមត្រូវ។ ត្រូវគេមើលឃើញថា បានរង់ការរិះគន់ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ និងអ្នកធ្វើដំណើរតាមដឹងផ្លូវជាតិ ដទៃទៀតគ្រាដែលការដឹកអង្កាមតាមរថយន្តធុនធំៗទាំងនោះធ្លាក់កំពុប ពាសពេញផ្លូវជាតិ បង្កប៉ះពាល់បរិស្ថាន និងធ្លាក់ខ្ចាត់ខ្ចាយខាងមុខផ្ទះប្រជាពលរដ្ឋ បង្កឲ្យកើតក្តៅក្រហាយ ពីសំណាក់ប្រជាពលរដ្ឋ និងអង្កាមទាំងនោះក៏ធ្លាក់ហ៊ុយចូលភ្នែកអ្នកជិះម៉ូតូ និងអ្នកជិះកង់ធ្វើដំណើរតាមផ្លូវជាតិ ដែលជាហេតុបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។
បញ្ហានេះត្រូវប្រជាពលរដ្ឋនិយាយថា គេមិនឃើញអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធចាត់វិធានការដល់ឈ្មួញរកស៊ីដឹកអង្កាមនោះឡើយ។ សកម្មភាព នៃការដឹកជញ្ជូនអង្កាមតាមរថយន្តធុនធំ បង្កឲ្យកើតក្តីក្តៅក្រហាយរបស់ប្រជាជនបែបនេះ ត្រូវប្រជាពលរដ្ឋលើកឡើងថា គឺឈ្មួញមិនខ្វល់នោះទេ ដោយគេគិតតែពីផលចំណេញ និងប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីកត្តាផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ មេត្តាជួយចាត់វិធានការដោះស្រាយបញ្ហារថយន្តដឹកអង្កាមនេះផង កុំបណ្តែបណ្តាយបែបនេះតទៅទៀត។
ជំនួញអង្កាម ត្រូវគេនិយាយថា បានកើតឡើងយ៉ាងគគ្រឹកគ្រែងមានរយៈពេល ២ទៅ៣ឆ្នាំចុងក្រោយនេះ ខណៈដែលតម្លៃទីផ្សារអង្កាម កំពុងមានហាងឆេងខ្ពស់ ត្រូវឈ្មួញថៃនាំគ្នាសម្រុកទិញអង្កាមនាំទៅប្រទេសថៃ ដោយអង្កាមទាំងនោះ ត្រូវគេរាយការណ៍ឲ្យដឹងថា ថៃទិញយកទៅកែច្នៃធ្វើជាជីធម្មជាតិ។ អង្កាមត្រូវបានឈ្មួញប្រមូលទិញពីរោងម៉ាស៊ីនកិនស្រូវ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយនាំចេញទៅប្រទេសថៃ តាមច្រករបៀង ក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តដឹកអង្កាម បច្ចុប្បន្នធ្វើសកមភាពដឹកជញ្ជូនក្នុងមួយថ្ងៃៗ មិនក្រោម១០រថយន្តនោះទេ នេះមិនគិតដឹកតាមមធ្យោបាយផ្សេងទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្នគេសង្កេតឃើញរថយន្តដឹកអង្កាមកែច្នៃទ្រុងតឡើងលើ ខុសច្ចេកទេស ដើម្បីសម្រាប់ដឹកផ្ទុកអង្កាមបានច្រើន។ ការកែច្នៃទ្រុងរថយន្តខុសបច្ចេកទេស ត្រូវគេនិយាយថា ឈ្មួញអនុវត្តផ្ទុយ និងច្បាប់ចរាចរណ៍ផ្លូវគោក។ រថយន្តដឹកអង្កាមកន្លងមក ត្រូវគេរាយការណ៍ឲ្យដឹងថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស នៅស្រុកមង្គលបុរី នោះផងដែរ៕